“ផ្កាកុលាបខ្មៅ” ដុះលូតលាស់លេចធ្លោដោយធម្មជាតិនៅក្នុងប្រទេសទួរគី

“ផ្កាកុលាបខ្មៅ”ត្រូវបានគេស្គាល់ដោយប្រភពដើមរបស់វាថាហាល់ហ្វេទិ Halfeti Rose ផ្កាកុលាបខ្មៅនៃប្រទេសទួរគីបានចាប់ផ្តើមរីកដុះដាលដោយធម្មជាតិដោយសារតែដី ទឹក និងអាកាសធាតុតែមួយគត់ក្នុងស្រុកហាល់ហ្វេទិ Halfeti ។
ផ្កាកុលាបខ្មៅនៃប្រទេសទួរគីដែលគេស្គាល់ជាភាសាទួរគីថាខារ៉ាគុល Karagul បានរីកដុះដាលតាំងពីពាក់កណ្តាលខែឧសភា វាត្រូវបានដាំដុះនៅក្នុងផ្ទះកញ្ចក់មួយនៅស្រុក Halfeti ខេត្តសានលិអូហ្វា Sanliurfa ប្រទេសទួរគី។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ France24 បានពណ៌នាអំពីរូបរាងរបស់ផ្កាកុលាបពណ៌ខ្មៅនេះថាមានពណ៌ខ្មៅខុសប្លែកពីគេ នៅពេលដែលមិនទាន់រីកតែក្រោយពេលរីក បន្តិចម្តងៗ ពួកវាមានពណ៌ដូចស្រាក្រហមជាំ។
មូលហេតុដែលផ្កាកុលាបខ្មៅនៅ Halfeti ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសទួរគី មានភាពលេចធ្លោខុសពីកន្លែងផ្សេងទៀតគឺដោយសារតែដី និងអាកាសធាតុដែលមានជាតិអាស៊ីតពិសេសមិនដូចកន្លែងផ្សេងទៀតក្នុងពិភពលោក ដូច្នេះបើដាំនៅកន្លែងផ្សេង វាមិនប្រែជាខ្មៅទេ។
កាលពីមុនទីក្រុងមានផ្កាកុលាបខ្មៅស្រាប់ហើយហើយ ប៉ុន្តែមានមនុស្សតិចណាស់ដែលយកចិត្តទុកដាក់ចំពោះពួកវា រហូតទាល់តែរដ្ឋាភិបាលមានគម្រោងសាងសង់ទំនប់វារីអគ្គិសនីតាមដងទន្លេយូហ្រ្វេទីស Euphrates ដែលនឹងជន់លិចតំបន់ខ្លះ។ ប្រការនេះបាននាំឱ្យមានការប្រឆាំង និងកិច្ចខិតខំប្រឹងប្រែងដើម្បីអភិរក្សតំបន់ដាំផ្កាកុលាបខ្មៅ ដែលបានជួយសង្រ្គោះតំបន់នេះពីទឹកជំនន់ ហើយផ្កាកុលាបខ្មៅនៅទីនេះនៅតែមានដែលបង្កើតចំណូលជូនអ្នកស្រុក។
ក្រៅពីគួរឱ្យចាប់អារម្មណ៍ក្នុងការស្វែងយល់ ភាពទាក់ទាញរបស់ផ្កាកុលាបពណ៌ខ្មៅក៏ជាកន្លែងទាក់ទាញដ៏សំខាន់សម្រាប់ទីក្រុងដែលទាក់ទាញភ្ញៀវទេសចរ រុក្ខជាតិផ្កាកុលាបខ្មៅត្រូវបានដាំដុះសម្រាប់លក់ ហើយផលិតផលផ្សេងៗត្រូវបានផលិតចេញពីពួកវា ពីផ្កាស្ងួតសម្រាប់ការនាំចេញ ប្រេងផ្កាកុលាប រហូតដល់ការ៉េម មានផ្កាកុលាបខ្មៅប្រហែល 20 ប្រភេទនៅទូទាំងពិភពលោកដែលមាន 16 ប្រភេទនៅក្នុងប្រទេសទួរគី។
ដោយ ៖ សេនាមេឃ
ប្រភព ៖ The Earth