រដ្ឋសភាក្រិកបានអនុម័តច្បាប់ការងារដែលអនុញ្ញាតឱ្យធ្វើការរយៈពេល 13 ម៉ោងក្នុងមួយថ្ងៃ ចំពេលមានការប្រឆាំងតវ៉ាយ៉ាងខ្លាំង និងកូដកម្មទូទាំងប្រទេស។
រដ្ឋាភិបាលក្រិកបាននិយាយថា នឹងធ្វើទំនើបកម្មច្បាប់ការងាររបស់ប្រទេសក្រិក ប៉ុន្តែអ្នកនាំពាក្យរបស់គណបក្សប្រឆាំងឆ្វេងនិយម Syriza បានហៅច្បាប់នេះថា “គួរឱ្យស្អប់ខ្ពើម” ។
នៅក្រោមច្បាប់ការងារថ្មី ការថែមម៉ោងប្រចាំឆ្នាំនឹងបន្តកំណត់ត្រឹម 150 ម៉ោង ហើយស្តង់ដារការងារនៅត្រឹម 40 ម៉ោងក្នុងមួយសប្តាហ៏។
រដ្ឋាភិបាលបញ្ជាក់ថាការពន្យារថ្ងៃធ្វើការអោយវែងក្នុងមួយថ្ងៃជាជម្រើសថ្មី អនុវត្តចំពោះតែវិស័យឯកជន ហើយកំណត់អតិបរមាមិនលើស 37 ថ្ងៃក្នុងមួយឆ្នាំ។
ការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី 16 ខែតុលា) ត្រូវបានគាំទ្រដោយសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យថ្មីដែលជាគណបក្សរដ្ឋាភិបាលកណ្តាលស្តាំនិយមបច្ចុប្បន្ន តែបក្ស Pasok បានបោះឆ្នោតប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះ ខណៈដែលគណបក្សឆ្វេងនិយម Syriza មិនបញ្ចេញសំលេង។

សហជីពជាច្រើនបានធ្វើកូដកម្មចំនួន2លើកក្នុងខែនេះ ដោយទាមទារឱ្យដកច្បាប់នេះចេញពីសភា ដោយធ្វើឱ្យរាំងស្ទះដល់ការដឹកជញ្ជូនសាធារណៈ និងសេវាកម្មផ្សេងៗទៀត។
រដ្ឋមន្ត្រីក្រសួងការងារក្រិក នីគី ឃ័ររ៉ាម៉េអ៊ូស Niki Kerameus បានការពារសេចក្តីព្រាងច្បាប់នេះ ដោយនិយាយថា នឹងនាំច្បាប់ក្រិកឱ្យស្របទៅនឹងការពិតនៃទីផ្សារការងារទំនើប និងចោទប្រកាន់មេដឹកនាំបក្សប្រឆាំងថាបានបំភាន់សាធារណជន។
ច្បាប់ថ្មីនេះនឹងផ្តល់ឱ្យកម្មករនូវជម្រើសក្នុងការបង្កើនម៉ោងធ្វើការរបស់ពួកគេជាមួយនិយោជកដដែលដោយទទួលបានការដំឡើងប្រាក់ឈ្នួល 40% ហើយមានការធានាថាពួកគេនឹងមិនត្រូវបានបណ្តេញចេញពីការងារដោយសារបដិសេធមិនធ្វើការថែមម៉ោងឡើយ។
នេះគឺស្របតាមច្បាប់ម៉ោងធ្វើការរបស់សហភាពអ៉ឺរ៉ុប EU ដែលកំណត់សប្តាហ៍ធ្វើការជាមធ្យមត្រឹម 48 ម៉ោង រួមទាំងម៉ោងបន្ថែម។ ទោះជាយ៉ាងណាក៏ដោយ ច្បាប់ថ្មីរបស់ប្រទេសក្រិចផ្តល់នូវភាពបត់បែនក្នុងការពង្រីកពេលវេលាធ្វើការនេះរយៈពេល 12 ខែ។
មន្ត្រីរដ្ឋាភិបាលក្រិកនិយាយថា ច្បាប់នេះផ្តល់ឱ្យកម្មករនូវជម្រើសក្នុងការធ្វើការបានយូរជាមួយនិយោជកតែមួយបានម៉ោងច្រើន ជាចាងការបន្ថែមម៉ោងធ្វើការក្រៅម៉ោងជាមួយថៅកែផ្សេង។
ប៉ុន្តែគណបក្សប្រឆាំងបានចោទរដ្ឋាភិបាលថាបានរំលោភសិទ្ធិកម្មករ និង«ដាក់បន្ទុកប្រទេសទៅលើកម្មករវ័យកណ្តាល» ពួកគេនិយាយថា កំលាំងពលកម្មក្រិកបានធ្វើការច្រើនម៉ោងជាងជនជាតិអឺរ៉ុបភាគច្រើនរួចហើយ ទទួលបានប្រាក់ខែទាបជាង និងតស៊ូរកប្រាក់ចំណូលដើម្បីជីវភាពប្រចាំថ្ងៃ។

AFP បានដកស្រង់សម្តីរបស់សហជីពវិស័យសាធារណៈរបស់រដ្ឋ មានឈ្មោះថាអាដេឌី ADEDY ដោយនិយាយថា នៅក្នុងការអនុវត្តជាក់ស្តែង ម៉ោងធ្វើការដែលអាចបត់បែនបាននឹង “រុញច្រានម៉ោងធ្វើការ8ម៉ោងចេញ ធ្វើឱ្យប៉ះពាល់ដល់ជីវិតគ្រួសារ និងសង្គម និងធ្វើឱ្យស្របច្បាប់នូវការកេងប្រវ័ញ្ចហួសហេតុ”។
នៅឆ្នាំ 2024 ក្រិកបាននាំយកប្រព័ន្ធការងារ6ថ្ងៃក្នុងមួយសប្តាហ៏នៅក្នុងឧស្សាហកម្មមួយចំនួនដើម្បីជំរុញកំណើនសេដ្ឋកិច្ច ច្បាប់ថ្មីដែលចូលជាធរមាននៅដើមខែកក្កដា អនុញ្ញាតឱ្យកម្មករធ្វើការមិនលើសពី 48 ម៉ោងក្នុងមួយសប្តាហ៍ដែលពីមុនត្រឹម 40 ម៉ោង។នៅក្នុងសហភាពអឺរ៉ុប ប្រទេសដែលមានម៉ោងធ្វើការយូរបំផុតក្នុងមួយសប្តាហ៏កាលពីឆ្នាំ 2024 គឺប្រទេសក្រិក (39.8 ម៉ោង) បន្ទាប់មកប្រទេសប៊ុលហ្គារី (39.0 ម៉ោង) ប្រទេសប៉ូឡូញ (38.9 ម៉ោង) និងរូម៉ានី (38.8 ម៉ោង) ចំណែកប្រទេសហូឡង់ដែលមានម៉ោងធ្វើការខ្លីបំផុតក្នុងមួយសប្តាហ៏នៅអឺរ៉ុបគឺ 32.1 ម៉ោង នេះបើយោងតាមទិន្នន័យពីយូរ៉ូស្តេត Eurostat ។
គិតត្រឹមខែមករា ឆ្នាំ 2025 ប្រាក់ឈ្នួលអប្បបរមារបស់ប្រទេសក្រិកគឺ 968 EUR ក្នុងមួយខែ ដែលជាកម្រិតទាបបំផុតក្នុងចំណោមរដ្ឋជាសមាជិកសហភាពអឺរ៉ុប។
ភាពអត់ការងារធ្វើបានឡើងដល់ 28% កំឡុងពេលមានវិបត្តិហិរញ្ញវត្ថុ តួលេខចុងក្រោយបំផុតគិតត្រឹមខែសីហាគឺ 8.1% បើប្រៀបធៀបទៅនឹងមធ្យមភាគរបស់ EU ដែលមាន 5.9% នេះបើយោងតាម Eurostat ។
ប្រទេសក្រិកកំពុងងើបឡើងវិញពីវិបត្តិបំណុលរយៈពេលមួយទសវត្សរ៍ដែលបានបញ្ចប់នៅឆ្នាំ 2018 ប៉ុន្តែប្រាក់ឈ្នួល និងជីវភាពរស់នៅនៅតែស្ថិតក្នុងចំណោមកម្រិតទាបបំផុតនៅក្នុងសហភាពអឺរ៉ុប។
ប្រភព ៖ BBC