(18 កុម្ភៈ 2025)លីវ ចុងយី刘忠义 Liú zhōngyì ឈ្មោះនេះបានស្គាល់លើប្រព័ន្ធផ្សព្វផ្សាយថៃ និងប្រជាជនថៃ ពីតួនាទីដ៏សំខាន់ក្នុងការជួយជនរងគ្រោះពីក្រុមជំរិតតាមប្រព័ន្ធទូរស័ព្ទ Call Center និងបង្ក្រាបការបោកប្រាស់តាមអ៊ីនធឺណិត រួមទាំងដើរតួយ៉ាងសំខាន់ក្នុងការជួយស៊ីងស៊ីង Sing Sing ជាជនរងគ្រោះដែលក្រុមជន Call Center បានបោកប្រាស់ទៅខេត្ត Myawaddy ប្រទេសមីយ៉ាន់ម៉ា មុនពេលសមត្ថកិច្ចអាចនាំគាត់មកវិញបានដោយជោគជ័យ។
បេសកកម្មរបស់លោក លីវមិនបញ្ឈប់ត្រឹមនេះទេ លោកបានធ្វើដំណើរទៅប្រទេសថៃដើម្បីពិភាក្សាជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់ក្នុងនោះមានវរៈសេនីយ៍ឯក ថាវី សតសង Thawee Sodsong រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកឧត្តមសេនីយ៍ទោត្រៃរុង ភីវផាន់ Pol Lt Gen Trairong Phiwpaen មេបញ្ជាការប៉ូលិសអ៊ីនធឺណិតលោក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងថៃ បង្រ្កាបក្រុម Call Center ដែលលួចស្នាក់នៅក្នុងតំបន់នៃខេត្ត Myawaddy រហូតបានទៅជួបជាមួយលោកភូមថាំ វេទឆៈយៈឆៃ Phumtham Vejjayachai ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ទីបំផុតបានដាក់វិធានការកាត់ផ្តាច់ចរន្តអគ្គិសនីខេត្តដែលជាចំណុចកណ្តាលនៃបណ្តាញបោកប្រាស់នៅតំបន់ព្រំដែន។
ថ្មីៗនេះលោកលីវ បានធ្វើដំណើរទៅ Myawaddy ដើម្បីតាមដានការបង្រ្កាបបណ្តាញ Call Center ដែលជាប់ក្នុងបញ្ជីខ្មៅរបស់ប្រទេសចិន រួមទាំងការទៅសួរសុខទុក្ខជនបរទេសដែលត្រូវបានជួយសង្គ្រោះដោយ BGF (កងកម្លាំងការពារព្រំដែន Border Guard Force) ក្នុងតំបន់បោកប្រាស់នៅ Shwe Kokko អ្នកនៅរស់រានមានជីវិតពីគម្រោងឆបោកទាំងនេះកំពុងត្រូវបានគេមើលថែនៅទីជម្រករបស់ BGF ហើយលោកក៏បានជួបនិងចរចាជាមួយថ្នាក់ដឹកនាំនៃក្រុមផ្សេងៗក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។
លើវិថីនៃអាជីពរបស់ លីវ ចុងយី刘忠义 មិនធម្មតាឡើយ គាត់ជាប៉ូលិសម្នាក់ដែលល្បីខាងដោះស្រាយរឿងស្មុគស្មាញដែលមនុស្សជាច្រើនមិនអាចដោះស្រាយបាន ជាមួយការងារគាត់ គាត់បានទទួលរង្វាន់ ‘ជនគំរូនៃសន្តិសុខសាធារណៈ’ ថ្នាក់ជាតិក្នុងឆ្នាំ 2017 ខណៈពេលដែលមានតួនាទីជានាយករងការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្ម ក្រសួងសន្តិសុខសាធារណៈ។
យោងតាម Baidu លោក លីវ ចុងយី刘忠义កើតនៅខែសីហា ឆ្នាំ 1965 ហើយបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យប៉ូលិសខេត្ត Heilongjiang ថ្នាក់បរិញ្ញាបត្រដែលបច្ចុប្បន្នជាជំនួយការរដ្ឋមន្ត្រី លោកក៏មានតួនាទីជាលេខាធិការគណៈកម្មាធិការបក្ស និងជានាយកទី៥ នៃក្រសួងសន្តិសុខសាធារណៈផងដែរ។
ឈ្មោះ លីវ ចុងយី刘忠义បានបង្ហាញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនក្នុងនាមជាអ្នកស៊ើបអង្កេតលំដាប់ជាតិ ដែលបានដោះស្រាយករណីធំៗ ‘ធ្ងន់ធ្ងរ’ និង ‘ស្មុគស្មាញ’ រាប់ពាន់ករណី គាត់ចំណាយពេលច្រើនជាង 200 ថ្ងៃក្នុងមួយឆ្នាំដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្ម និងដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយសំណុំរឿងធំៗដែលប៉ះពាល់ដល់សង្គមចិន។
បេសកកម្មដ៏សំខាន់មួយទៀតរបស់គាត់គឺសើរើឡើងវិញនូវករណីឃាតកម្មដែលមិនទាន់ដោះស្រាយបាន9 ដែលបានកើតឡើងក្នុងអំឡុងពេលនៃកំណែទម្រង់ជាច្រើនទសវត្សរ៍របស់ប្រទេសចិន និងបើកយ៉ាងទូលាយនៃប្រទេសចិន ករណីដ៏រន្ធត់បំផុតមួយ គឺករណីរំលោភសេពសន្ថវៈ និងឃាតកម្មនៅក្នុងទីក្រុង Baiyin ខេត្ត Gansu ដែលមានរយៈពេលជិត 30 ឆ្នាំ មុនពេលជនល្មើសត្រូវបានចាប់ខ្លួន។
ករណីមួយទៀតនៃជំនាញស៊ើបអង្កេតរបស់លីវ ចុងយី刘忠义 ជាករណីឃាតកម្មលើក្មេងប្រុសពីរនាក់នៅក្នុងទីក្រុង Heyuan ខេត្ត Guangdong កាលពីឆ្នាំ 2015 ក្រោយកើតហេតុ លោក លីវ បានពិនិត្យកន្លែងកើតហេតុដោយផ្ទាល់ ហើយមិនបានរកឃើញភស្តុតាងសំខាន់ដើម្បីតាមដានឡើយដូច្នេះហើយ ទើបលោកបង្កើតក្រុមពិសេសមួយ ដើម្បីវិភាគរូបភាព CCTV និងស៊ើបអង្កេត រហូតដល់អាចចាប់ខ្លួនពិរុទ្ធជនក្នុងរយៈពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ។
លីវ ចុងយី刘忠义ធ្លាប់បាននិយាយថា គាត់ប្រកាន់ខ្ជាប់នូវគោលការណ៍ដែលថា ការស៊ើបអង្កេតឧក្រិដ្ឋកម្មត្រូវតែទទួលខុសត្រូវ ព្រោះឧក្រិដ្ឋកម្មមួយអាចប៉ះពាល់ដល់គ្រួសារច្រើន និងស្ថិរភាពសង្គមទាំងមូល «មិនថាករណីនេះមានការលំបាកនិងស្មុគស្មាញយ៉ាងណានោះទេ ខ្ញុំតែងតែត្រៀមខ្លួនទទួលខុសត្រូវហើយមិនដែលគេចពីការនិយាយការពិតឡើយ»។
ក្នុងអំឡុងពេលជាង 30 ឆ្នាំនៃការបម្រើរបស់គាត់គាត់បានឡើងឋានន្តរស័ក្តិពីមេប៉ូលីសប៉ុស្តិ៍មួយក្នុងខេត្ត Heilongjiang ហើយឡើងតំណែងជាប្រធានផ្នែកស៊ើបអង្កេត ហើយនៅទីបំផុត គាត់បានក្លាយជាអ្នកស៊ើបអង្កេតដ៏សំខាន់បំផុតម្នាក់លំដាប់ប្រទេស មិនថាក្នុងអំឡុងពេល 26 ឆ្នាំរបស់គាត់នៅក្នុងកំរិតប៉ូលីសប្រត្តិបត្តិនិង 6 ឆ្នាំរបស់គាត់នៅក្នុងក្រសួងសន្តិសុខសាធារណៈ លោកបន្តរក្សានូវស្តង់ដារការងារដ៏តឹងរ៉ឹង និងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម។
ក្នុងឆ្នាំ 2019 លោកលីវ បានដឹកនាំធ្វើសន្និសីទសារព័ត៌មានស្តីពីប្រតិបត្តិការជួយសង្គ្រោះស្ត្រីជាង 1,000 នាក់ ដែលត្រូវបានចាប់ពង្រត់ទៅជាពេស្យាចារ និងរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ ដែលជាប្រតិបត្តិការរួមគ្នាមួយដែលមានប្រទេសចិន មីយ៉ាន់ម៉ា កម្ពុជា ឡាវ ថៃ និងវៀតណាម ក្នុងរយៈពេលត្រឹមតែ6ខែចាប់ពីខែមិថុនាដល់ខែធ្នូ ឆ្នាំ 2018 អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យចំនួន 1,332 នាក់ ក្នុងនោះមានជនបរទេសចំនួន 261 នាក់ និងបានជួយសង្គ្រោះកុមារ17នាក់។
ករណីមួយដែលទទួលបានការចាប់អារម្មណ៍ពីសាធារណជនចិន គឺហេតុការណ៏មួយដែលស្ត្រីម្នាក់ត្រូវបានគេវាយដំលើរាងកាយនៅភោជនីយដ្ឋានសាច់អាំងមួយក្នុងទីក្រុង Tangshan ខេត្ត Hebei ដែលធ្វើឱ្យមានការចាប់អារម្មណ៍ពេញប្រទេស លោកលីវ ដែលកាលនោះជាប្រធានការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្ម បានចុះមកត្រួតពិនិត្យករណីនេះដោយផ្ទាល់ និងបានបញ្ជាក់ជាសាធារណៈថា អាជ្ញាធរចិននឹងចាត់វិធានការផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ។
អត្ថបទដោយ ៖ សេនាមេឃ
ប្រភពនិងរូបភាព ៖ THESTATESTIMES,百度







