កាលពី2ឆ្នាំមុន ឈ្មោះកូកាង ‘Kokang’ ត្រូវបានគេលើកមកនិយាយក្នុងប្រទេសថៃ ពីការបះបោររបស់កងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ាប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។
ប៉ុន្តែនៅពីក្រោយឆាកគេឃើញដូច្នេះ ប្រទេសចិនបានគាំទ្រប្រតិបត្តិការនេះដើម្បីជួយបង្រ្កាបសកម្មភាពបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណែត ដោយប្រើប្រាស់តំបន់ព្រំដែនចិន-មីយ៉ាន់ម៉ាជាមូលដ្ឋាន។លទ្ធផលសំខាន់មួយគឺការចាប់ខ្លួន ‘ត្រកូលមីង’ ដ៏មានឥទ្ធិពលនៅកូកាង ហើយត្រូវបានគេចោទប្រកាន់ពីការបង្កើតអាណាចក្របោកប្រាស់តាមអ៊ីនធឺណិតនៅទីនោះ ដែលពេលនេះបានចូលទៅក្នុងដំណើរការនៃរបស់តុលាការហើយ។
តើសាច់រឿងទាំងមូលយ៉ាងម៉េចខ្លះ? ថ្ងៃនេះ ទីភ្នាក់ងារសារព័ត៌មានមេឃញូស៍អេស៊ានឹងរៀបរៀងដោយសង្ខេបនូវជោគវាសនារបស់គ្រួសារយក្សចិនរកស៊ីខុសច្បាប់មួយនេះ ជូនលោកអ្នកអាន។
គ្រួសារមីងនៅកូកាង រីកចំរើនឡើងតាំងពីឆ្នាំ 2015 ដោយ មីង សៀឆាង ‘Ming Xuechang’ និងសមាជិកគ្រួសារ បានចាប់ផ្តើមបង្កើតតំបន់ឧស្សាហកម្មជាច្រើនកន្លែង ដូចជានៅទីក្រុងឡោះកាវ Lao Cai ហៅជាផាសាចិនថាឡៅជៀ 老街 Lǎo jiē ដើម្បីទាក់ទាញវិនិយោគិន ដោយមានកងកម្លាំងប្រដាប់អាវុធផ្ទាល់ខ្លួន ដើម្បីធានាសុវត្ថិភាពក្នុងតំបន់នោះ។ក្រោយមកតំបន់ឧស្សាហកម្មត្រូវបានប្រែក្លាយទៅជាកន្លែងក្តៅសម្រាប់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ទាំងការបោកប្រាស់តាមទូរគមនាគមន៍ និងការលេងល្បែងអនឡាញ។
ទន្ទឹមនឹងនេះ សមាជិកនៃត្រកូល Ming ហាក់ដូចបានត្រដាងស្លាបហោះហើរពេញទឹកដីកូកាងស្លាបដោយមីង សៀឆាង បានតួនាជាសមាជិកសភារដ្ឋសាន Shan គណៈកម្មាធិការដឹកនាំរដ្ឋសាន និងជាប្រធានគ្រប់គ្រងតំបន់រដ្ឋបាលកូកាង ហើយដូចគ្នានេះដែរ កូនប្រុសរបស់គាត់ឈ្មោះ មីង កៅភីង Ming Guoping បានក្លាយជាមេកងការពារព្រំដែនកូកាង (Kokang Border Guard Force) ។
តែភាពរុងរឿងរបស់គ្រួសារត្រកួលមីងបានដួលរលំខណៈដែលអាជ្ញាធរចិនសម្រេចបង្ក្រាបឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ឈានទៅដល់ប្រតិបត្តិការដ៏ល្បីល្បាញឈ្មោះ1027 ក្នុងឆ្នាំ 2023 ។
ត្រកូល Ming នៃ Kokang បានឃើញសញ្ញាទាំងនេះមុនដែរ មានរបាយការណ៍បាននិយាយថានៅក្នុងខែតុលាឆ្នាំ 2023 មុនពេលប្រតិបត្តិការ 1027 បណ្តាញគ្រួសារ Ming បានកែសម្រួលផែនការរបស់ខ្លួន បញ្ជាកងកម្លាំងប្រដាប់អាវុធឱ្យបង្កើនការឃ្លាំមើលនិងប្រុងប្រយ័ត្ន និងផែនការដឹកជញ្ជូន ដើម្បីការពារមិនអោយវាយលុកចូលបំផ្លាញបណ្តាញគ្រប់គ្រង។
នៅពេលនោះ គ្រួសារមីងបានបិទខ្ទប់តំបន់នោះមិនឲ្យអ្នកណាគេចចេញបានឡើយ ត្រៀមស្តុកសម្ភារៈយោធា ប៉ុន្តែទន្ទឹមនឹងនោះប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានផ្លាស់ទៅកន្លែងមានសុវត្ថិភាពដែរ។
ក្រោយមកអាជ្ញាធរចិនបានបង្ហាញភស្តុតាងដែលបានរកឃើញក្នុងអំឡុងពេលនោះថាសមាជិកគ្រួសារត្រកូល Ming បានសម្លាប់ជនជាតិចិនដែលព្យាយាមរត់គេចពីតំបន់នោះ។
ប៉ុន្តែនៅទីបំផុត គ្រួសារត្រកូល Ming គេចមិនផុតឡើយពេលដែលកងទ័ពជនជាតិភាគតិច3រួមគ្នាបើកប្រតិបត្តិការនៅកូកាង វាយប្រហារលើកងកម្លាំងយោធាមីយ៉ាន់ម៉ា ធ្វើអោយរង្គោះរង្គើរមូលដ្ឋានអំណាចរបស់គ្រួសារត្រកូលមីងដោយផ្ទាល់ផងដែរ។
នៅថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2023 តុលាការជាន់ខ្ពស់ក្នុងតំបន់គ្រប់គ្រងស្វ័យគ្រប់គ្រងកូកាង Kokang បានចេញដីកាចាប់ខ្លួនបុគ្គលចំនួន 4 នាក់ ដោយផ្អែកលើដីកាចាប់ខ្លួនដែលចេញដោយអាជ្ញាធរចិនគឺ មីង សៀឆា មីង កៅភីង មីង ជូឡាន និង មីង ចឺនចឺន ដែលជាកូនស្រី និងចៅស្រីរបស់ មីង សៀឆាង។
ប្រតិបត្តិការចាប់ខ្លួនបានធ្វើឡើងភ្លាមនៅថ្ងៃបន្ទាប់ មីង សៀឆាងបានបដិសេធការចាប់ខ្លួន ហើយបានបាញ់តបទៅលើមន្ត្រីរហូតដល់របួស។
គ្រួសារត្រកូល Ming ត្រូវបានគេធ្វើបត្យាប័នទៅកាន់ប្រទេសចិន ហើយត្រូវបានចោទប្រកាន់ចំនួន 11 ករណី រាប់ចាប់ពីការបោកប្រាស់ ឃាតកម្មដោយចេតនា ការឃុំឃាំងមនុស្ស បើកល្បែងស៊ីសង ពេស្យាចារ ជួញដូរគ្រឿងញៀន សកម្មភាពឆ្លងដែនខុសច្បាប់ និងរំលោភលើទិន្នន័យផ្ទាល់ខ្លួនបុគ្គល។
អាជ្ញាធរចិនបានបង្ហាញថា គ្រួសារត្រកូល Ming នៃ Kokang ជាប់ពាក់ព័ន្ធក្នុងឃាតកម្មលើពលរដ្ឋចិន 14 នាក់ របួស 6 នាក់ផ្សេងទៀត និងការបោកប្រាស់ចំនួន 10 ពាន់លានយន់ ។
បន្ទាប់ពីការចាប់ខ្លួនលោក មីង សៀឆាង ដែលជាមេគ្រួសារ សម្រេចចិត្តធ្វើអត្តឃាត ដើម្បីគេចពីទោសកំហុស ដោយបន្សល់ទុកកូនប្រុស កូនស្រី ចៅស្រី និងអ្នកពាក់ព័ន្ធផ្សេងទៀត បច្ចុប្បន្នករណីនេះកំពុងស្ថិតក្រោមការគ្របគ្រងរបស់អាជ្ញាធរចិន។
កាលពីចុងឆ្នាំមុន ជនសង្ស័យចំនួន 39 នាក់នៅក្នុងសំណុំរឿងគ្រួសារត្រកូល Ming ត្រូវបានចោទប្រកាន់នៅក្នុងតុលាការអយ្យការក្រុងវឹនចូវ Wenzhou ខេត្តចឺជៀង Zhejiang ។
រហូតមកដល់ថ្ងៃទី 14-19 ខែកុម្ភៈកន្លងមក តុលាការក្រុងវឹនចូវ Wenzhou បានចាប់ផ្តើមសវនាការរយៈពេល 6 ថ្ងៃ ដោយជនជាប់ចោទ 23 នាក់បានបង្ហាញខ្លួននៅក្នុងបន្ទប់សវនាការ។
ព្រះរាជអាជ្ញាបាននិយាយ ជនជាប់ចោទទាំងអស់បានទាញយកផលប្រយោជន៍ពីឥទ្ធិពលគ្រួសាររបស់ពួកគេនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានបង្កើតកន្លែងសម្រាប់ក្រុមឧក្រិដ្ឋជនមួយចំនួន ផ្តល់ការការពារប្រដាប់អាវុធសម្រាប់ប្រតិបត្តិការ ‘អ្នកគាំទ្រ’ និងអ្នកសមគំនិតក្នុងឧក្រិដ្ឋកម្មដូចជា គម្រោងបោកប្រាស់តាមទូរគមនាគមន៍ ដែលផ្តោតលើពលរដ្ឋនៅក្នុងប្រទេសចិន។
នេះបើតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ ថាតំណាងអយ្យការបានបង្ហាញភស្តុតាងដល់ជនជាប់ចោទម្នាក់ៗហើយមេធាវីរបស់ពួកគេបានពិនិត្យក្នុងអំឡុងពេលសវនាការ ភាគីទាំងពីរបានជជែកដេញដោលជាលំដាប់ហើយជនជាប់ចោទបានផ្តល់សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ពួកគេ ចំពេលមានការសង្កេតរបស់សមាជិកសភា អ្នកប្រឹក្សានយោបាយ អ្នកសារព័ត៌មាន សមាជិកគ្រួសារអ្នកពាក់ព័ន្ធ និងសមាជិកសាធារណៈជាង 100 នាក់។
បន្ថែមពីលើការពិចារណាលើករណីនេះ ជនសង្ស័យរាប់ពាន់នាក់បន្ថែមទៀតទាក់ទងនឹងបទល្មើសដែលរៀបចំកំពុងត្រូវបានស៊ើបអង្កេត ដូចដែលពួកគេត្រូវបានភ្ជាប់ទៅនឹងករណីបោកប្រាស់តាមទូរគមនាគមន៍ជាង 10,000 ករណី។
ប្រភពពីព្រះរាជអាជ្ញាបាននិយាយថា: ឧក្រិដ្ឋកម្មខ្លះកើតឡើងក្នុងព្រំដែនប្រទេសចិន ដោយផ្តោតជាពិសេសទៅលើពលរដ្ឋចិន និងបំផ្លាញផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ ផ្តល់យុត្តាធិការដល់ប្រទេសចិន ដើម្បីកាត់ទោសករណីក្រោមច្បាប់ព្រហ្មទណ្ឌ និងសន្ធិសញ្ញាអន្តរជាតិ។
អត្ថបទដោយ ៖ សេនាមេឃ
ប្រភព ៖ ទីភ្នាក់ងារសារព័ត៌មាន TODAY,MakeTomorrowTODAY. BBC, Global Times, 新华社




