លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្សាសន្តិសុខប្រចាំខែមីនា និងពង្រឹងការងារសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
ខេត្តពោធិ៍សាត់ ៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំអាគារអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្សាការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមប្រចាំខែមីនា។ កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីគណៈស្នងការ លោកនាយការិយាល័យ លោកអធិការនគរបាលស្រុក-ក្រុង ។
ក្រោយពីបានស្តាប់នៃការអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមីនា របស់លោកវរសេនីយ៍ឯក ប៉ូ វណ្ណារ៉ូ នាយការិយាល័យសរុប លោកឧត្តមសេនីយ៍ទោ ស ថេង បានលើកឡើងពីលទ្ធផលការងារសម្រេចបានក្នុងខែមីនា ឃើញថារាល់បទល្មើសមានការថយចុះ នៅជាសមិទ្ធិផលនៃការខិតខំប្រឹងប្រែងរបស់បងប្អូនកងកម្លាំង ដែលអនុវត្តតួនាទី ដោយយកចិត្តទុកដាក់ ក្រោមការដឹកនាំរបស់លោកស្នងការរងផែនការងារជំនាញ និងលោកអធិការ ទន្ទឹមនឹងការទទួលលទ្ធផលល្អ លោកឧត្តមសេនីយ៍ស្នងការក៏ បានជម្រុញ តាមបណ្តាអង្គភាពចុះអនុវត្តផែនការការងារការពារ សណ្តាប់ធ្នាប់សង្គម នឹងកសាងផែនការយុទ្ធសាស្ត្រការពារសុវត្ថិភាពសង្គមក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខ។ លោកបានបញ្ជាក់ថា ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ កងកម្លាំងនគរបាលត្រូវពង្រឹងការងារសន្តិសុខ ដើម្បីធានាឱ្យប្រជាពលរដ្ឋ អាចប្រារព្ធពិធីបុណ្យដោយមានសុវត្ថិភាព។ លោកបានបញ្ជាឲ្យអង្គភាពទាំងអស់ បន្តការចុះត្រួតពិនិត្យតំបន់សំខាន់ៗ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការពារមូលដ្ឋានទូទៅ និងការបង្ការ បទល្មើសផ្សេងៗ ពង្រឹងការងារសន្តិសុខបន្ថែម និងការងារគ្រប់គ្រងសណ្តាប់ធ្នាប់លើអាជីវកម្មដឹកខ្សាច់ បញ្ហាសំខាន់មួយទៀត សូមកម្លាំងមានសមត្ថកិច្ចលើផ្ទៃបឹងទន្លេសាប សហការ ស្រាវជ្រាវស្វែងរកមេខ្លោងជនជាតិវៀតណាម និងស៊ើបរកមូលហេតុគោលបំណង ដែលពួកគេយកលុយមកឧបត្ថម្ភជម្រុញសកម្មភាពឲ្យ ជនអន្តោប្រវេសន៍វៀតណាម ដែលរស់នៅលើផ្ទៃបឹងទន្លេសាប ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកស្នងការខេត្តបានលើកទឹកចិត្តដល់កងកម្លាំងដែលបានខិតខំប្រឹងប្រែងធ្វើការងារ ឲ្យមានលទ្ធផលល្អ និងជំរុញឲ្យបន្តការងារដោយមានសុភមង្គលភាព ដើម្បីអោយការរស់នៅក្នុងសង្គមមានសន្តិភាព និងសុវត្ថិភាព។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ដ្រ ក៏បានអាននូវប្រកាស ស្តីពីការផ្ទេរភារកិច្ច មន្រ្តីនគរបាលជាតិនៅថ្នាក់ស្នងការរងចំនួន៤រូប ថ្នាក់អធិការ១រូប ថ្នាក់នាយការិយាល័យ២រូប និងថ្នាក់នាយរងការិយាល័យ២រូប ដែលត្រូវផ្លាស់ប្តូរការងារ និងទទួលតំណែងថ្មី ។ជាចុងក្រោយលោកឧត្តមសេនីយ៍ទោស្នងការបានប្រគល់សម្ភារៈ អាវការពារគ្រាប់ ខ្នោះ ជូនដល់លោកស្នងការរងផែនការងារជំនាញ និងលោកអធិការនគរបាលក្រុង ស្រុក៕