នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោកនាយកប្រតិបត្តិ បានគោរពជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន FreshStart Energy ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន FreshStart ហើយកំពុងមានប្រតិបត្តិការនៅប្រទេសអូស្ត្រាលី និងបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសសិង្ហបុរី និងប្រទេសថៃជាដើម ដែលនៅក្នុងប្រទេស អូស្ត្រាលី ក្រុមហ៊ុនរបស់លោក បានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងការប្រេីប្រាស់ថាមពលអគ្គិសនីនៅតាមសាលារៀន មន្ទីរពេទ្យ និង ស្ថានីយប្រេងឥន្ធនៈ ជាដើម។
លោកនាយកប្រតិបត្តិបានបន្ថែមទៀតថា ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ សម្រាប៉ការប្រើប្រាស់ថាមពលអគ្គីសនី ប្រកបដោយប្រសិទ្ធភាព គុណភាព និងសន្សំសំចៃខ្ពស់។ លោកនាយកប្រតិបត្តិ បានបង្ហាញបំណងវិនិយោគនៅកម្ពុជាដោយនាំយកបច្ចេកវិទ្យាទំនើបនៃការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនី។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយកប្រតិបត្តិ និងអរគុណចំពោះក្រុមហ៊ុន FreshStart Energy ដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ហើយសម្ដេចធិបតីបានគូសបញ្ជាក់ថា គោលបំណងរបស់កម្ពុជា គឺមិនត្រឹមតែពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល និងការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនប៉ុណ្ណោះទេ ថែមទាំងមានបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននិង ឯកជននៃប្រទេសទាំងពីរផងដែរ។
ចំពោះវិស័យថាមពល សម្ដេចធិបតីបានគូសបញ្ជាក់ថា បណ្ដាប្រទេសជាច្រើនទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោកបានយកចិត្តទុកដាក់ខ្ពស់លើការធ្វើបរិវត្តកម្មវិស័យថាមពល ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងតែយកចិត្តទុកដាក់អភិវឌ្ឍលើវិស័យថាមពលនេះដែរ។
បន្ថែមពីនេះ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បី ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងរ៉ែ និងថាមពល ដើម្បីស្ថាប័នទាំងពីរអាចជួយសម្របសម្រួល និងគាំទ្រដល់ការរៀបចំនូវគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕
នាព្រឹកថ្ងៃអាទិត្យ ទី៨រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Tennealle O’Shannessy នាយកប្រតិបត្តិ IDP Education ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
ក្នុងឱកាសនៃជំនួប លោកស្រីនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រដល់ដំណើរការអាជីវកម្មរបស់ IDP Education នៅកម្ពុជា ហើយលោកស្រីក៏បានបញ្ជាក់ផងដែរថា IDP Education នឹងបន្តនូវកិច្ចសហការល្អបន្ថែមទៀតជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។ ទន្ទឹមនឹងនោះ លោកស្រីនាយកប្រតិបត្តិ បានគោរពជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកមុ្មរបស់ IDP Education ដែលរួមមាន សាលាបណ្ដុះបណ្ដាលភាសាអង់គ្លេស ACE នៅកម្ពុជា ដែល ជាសាលាឈានមុខមួយ និងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ។ ជាងនេះទៅទៀត លោកស្រីនាយកប្រតិបត្តិ ក៏បានគោរពជម្រាបជូនសម្ដេចធិបតីផងដែរថា IDP Education ក៏បានផ្ដល់នូវសេវាកម្មប្រឹក្សាយោបល់សម្រាប់សិស្ស និស្សិត ក្នុងការដាក់ពាក្យចូលរៀននៅតាមបណ្ដាសាកលវិទ្យាល័យនានានៅក្រៅប្រទេស ដែលរួមមាន÷ អូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក នូវែលហ្សេឡង់ ជាដើម។ កន្លងមក IDP Education បានផ្ដល់នូវការប្រឹក្សាយោបល់ និងសម្របសម្រួលចំពោះការបន្តការសិក្សារបស់សិស្ស និស្សិត នៅក្រៅប្រទេស ចន្លោះពី១៥០០ ទៅ ២០០០ នាក់ ក្នុងមួយឆ្នាំៗ។ ក្រៅពីនេះ IDP Education ក៏បានផ្ដល់នូវសេវាកម្មក្នុងការរៀបចំចងក្រងសមាគមអតីតនិស្សិត(Alumni) ព្រមទាំងបានសហការជាមួយបណ្ដាសាកលវិទ្យាល័យមួយចំនួនក្នុងការផ្ដល់ជំនួយផ្នែកបច្ចេកទេសលើការគ្រប់គ្រងប្រព័ន្ធទិន្នន័យកម្មវិធីសិក្សាផងដែរ។ លោកស្រីនាយកប្រតិបត្តិ ក៏បានបង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយ IDP Education មានផែនការពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដែលក្នុងពេលឆាប់ៗខាងមុខនេះ IDP គ្រោងនឹងបើកសាខាថ្មីបន្ថែមមួយទៀតនៅខេត្តសៀមរាប ហើយក្រុមហ៊ុនក៏មានផែនការពង្រីកសាខាជាបន្តបន្ទាប់នាពេលអនាគតនៅតាមបណ្ដាខេត្ត ក្រុង មួយចំនួននៅកម្ពុជា ដែលរួមមានខេត្តបាត់ដំបង កំពង់ចាម កំពត ព្រះសីហនុ និងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកស្រីនាយកប្រតិបត្តិ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពប្រតិបត្តិការអាជីវកម្ម របស់ IDP Education និងការរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំ និងកសាងធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្ដេចធិបតី បានបញ្ជាក់ផងដែរថា ការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសលើជំនាញផ្នែកភាសាអង់គ្លេសនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងយុគសម័យសកលភាវូបនីយកម្មនៃពិភពលោក ដោយភាសាអង់គ្លេសជាស្ពាននៃការផ្សារភ្ជាប់នូវទំនាក់ទំនងទាំងក្នុងបរិបទការងារ ធុរកិច្ច និងសង្គម ។ សម្ដេចធិបតីបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា គឺផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ច ដោយផ្អែកលើធនធានមនុស្ស ហើយរាជរដ្ឋាភិបាលបានយកចិត្តខ្លាំងលើការពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្ស និងជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះវាជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ បន្ថែមលើនេះ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាពិសេសមន្ត្រីរាជការ និងអរគុណចំពោះការសម្របសម្រួលពី IDP Education នាពេលកន្លងមក។
សម្ដេចធិបតី ក៏បានបញ្ជាក់ផងដែរថា ក្រៅពីការទទួលបាននូវអាហារូបករណ៍របស់មន្ត្រីរាជការស៊ីវិលនេះ ផ្នែកកងទ័ពក៏មានទំនាក់ទំនងជាមួយ IDP Education និងបានទទួលនូវការផ្ដល់វគ្គបណ្តុះបណ្តាល អាហារូបករណ៍ និង កម្មវិធីសិក្សាផ្លាស់ប្ដូរបទពិសោធន៍ នៅក្នុងវិស័យកងទ័ពផងដែរ។ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យ IDP Education បន្តគាំទ្រ និងសហការជាមួយក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពិនិត្យលទ្ធភាពបណ្ដុះបណ្ដាលលើកម្មវិធីផ្សេងៗបន្ថែមទៀត ដូចជាជំនាញបច្ចេកវិទ្យាឌីជីថល សំដៅបន្តចូលរួមចំណែកក្នុងការកសាងធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ៕