ប្រទេសគុយបាប្រឈមដាច់ចរន្តអគ្គីសនីទូទាំងប្រទេសជាលើកទីពីរនៅព្រឹកថ្ងៃសៅរ៍ប៉ុន្មានម៉ោងក្រោយពីមន្ត្រីបានបញ្ជាក់ថា ចរន្តអគ្គិសនីដែលបានដាច់កាលពីថ្ងៃសុក្រកំពុងត្រូវបានស្ដារជាបណ្តើរៗ។

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ គុយបាបានជួបប្រទះការដាច់ចរន្តអគ្គីសនីទូទាំងប្រទេសជាលើកទីពីរនៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ ប៉ុន្មានម៉ោងបន្ទាប់ពីអាជ្ញាធរបាននិយាយ ប្រព័ន្ធអគ្គិសនីដែលបានដាច់កាលពីថ្ងៃសុក្រកំពុងស្តារឡើងវិញបន្តិចម្តងៗ។
សហភាពថាមពលអគ្គិសនីរបស់ប្រទេសគុយបា (UNE) បាននិយាយនៅក្នុងកម្មវិធី Telegram របស់ខ្លួនកាលពីថ្ងៃសៅរ៍ថា “នៅម៉ោង 6:15 ព្រឹក ចរន្តអគ្គីសនីបានដាច់ទាំងស្រុងទូទាំងប្រទេសបានកើតឡើងលើប្រព័ន្ធថាមពលអគ្គិសនីជាតិ” ។
កាលពីថ្ងៃសុក្រ រោងចក្រថាមពលលោក Antonio Guterres នៅទីក្រុងម៉ាតានសាស Matanzas ប្រទេសគុយបា មិនដំណើរការ បណ្តាលឱ្យមានការដាច់ចរន្តអគ្គីសនីទូទាំងប្រទេស ប៉ះពាល់ដល់មនុស្សជាង 10 លាននាក់មុ នពេលដែលមន្ត្រីចេញមកបញ្ជាក់ ចរន្តអគ្គិសនីបានចាប់ផ្តើមត្រឡប់មកវិញតាមតំបន់តូចមួយៗមុន។
ប្រទេសគុយបាបាននិងកំពុងប្រឈមមុខនឹងវិបត្តិថាមពលធ្ងន់ធ្ងរអស់រយៈពេលជាច្រើនឆ្នាំ ហើយមានការតវ៉ាទ្រង់ទ្រាយធំនៅឆ្នាំ 2021 បន្ទាប់ពីការដាច់ចរន្តអគ្គិសនីបានកើតឡើងនៅក្នុងតំបន់ជាច្រើននៃប្រទេសអស់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា។
ការដាច់ចរន្តអគ្គិសនីនៅគុយបាបានបង្កបញ្ហាទាក់ជាប្រព័ន្ធ អាហារដែលទុកក្នុងទូទឹកកក ឬរបស់ក្នុងទូរក្លាសេសខូច កង្ហារ ឬម៉ាស៊ីនត្រជាក់មិនដំណើរការចំពេលដែលអាកាសធាតុក្តៅខ្លាំង លើសពីនេះ អគារជាច្រើនត្រូវការចរន្តអគ្គិសនីដើម្បីបូមទឹកចូលក្នុងប្រព័ន្ធទឹកពេលគ្មានថាមពលមានន័យថាគ្មានទឹក ស្ថានីយ៍ប្រេងឥន្ធនៈក៏មិនដំណើរការដែរ ធ្វើឱ្យពលរដ្ឋមិនអាចប្រើប្រាស់រថយន្តតាមបំណងប្រាថ្នាឡើយ។
នាយករដ្ឋមន្ត្រី Manuel Marrero បានចេញសេចក្តីថ្លែងការណ៍តាមទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍ (១៧ តុលា) ដោយនិយាយថា មូលហេតុនៃការដាច់ចរន្តអគ្គិសនីញឹកញាប់គឺ ហេដ្ឋារចនាប្រព័ន្ធទ្រុឌទ្រោម កង្វះប្រេងឥន្ធនៈ និងតម្រូវការប្រប្រាស់ថាមពលកាន់តែច្រើនឡើង កង្វះប្រេងឥន្ធនៈគឺជាបញ្ហាធំបំផុត។
ខណៈដែលមន្ត្រីគុយបាជាច្រើន បានកត់សំគាល់បញ្ហាមួយចំនួនទៀត ចាប់តាំងពីសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ និងឥទ្ធិពលនៃព្យុះជាច្រើនដែលបានបោកបក់ពេញប្រទេសក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។
កាលពីថ្ងៃសុក្រ រដ្ឋាភិបាលគុយបាបានប្រកាសថា សាលារៀន និងកន្លែងមិនសំខាន់ទាំងអស់ រួមទាំងក្លឹបរាត្រីនឹងត្រូវបិទរហូតដល់ថ្ងៃច័ន្ទ ចំណែកសេវាកម្មរដ្ឋាភិបាលដែលមិនសំខាន់នឹងត្រូវផ្អាក។
ហើយអាជ្ញាធរគុយបាក៏ប្រកាសឱ្យប្រជាពលរដ្ឋ បិទឧបករណ៍ដែលប្រើថាមពលខ្លាំងដូចជា ទូទឹកកកឬម៉ៃក្រូវ៉េវ ក្នុងងអំឡុងពេលដែលមានអ្នកប្រើថាមពលច្រើន។
ប្រភព៖ cnn