ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថា ការផ្ទុះដ៏ធំមួយបានធ្វើឱ្យកក្រើកកំពង់ផែដ៏ធំបំផុតរបស់ប្រទេសអ៊ីរ៉ង់នៅទីក្រុង Bandar Abbas កាលពីថ្ងៃសៅរ៍ មនុស្សយ៉ាងតិច១៨នាក់បានស្លាប់ និងជាង៧៥០នាក់រងរបួសនៅក្នុងការបំផ្ទុះនៅកំពង់ផែសាហ៊ីត រ៉ាជី Shaheed Raji ដែលបានកើតឡើងខណៈដែលអ៊ីរ៉ង់ចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរជុំទីបីជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់ ប៉ុន្តែមិនមានការចង្អុលបង្ហាញថាឧប្បត្តិហេតុទាំងពីរមានទំនាក់ទំនងគ្នានោះទេ។
លោក Hossein Safari អ្នកនាំពាក្យអង្គការគ្រប់គ្រងវិបត្តិរបស់ប្រទេសអ៊ីរ៉ង់ ថាការផ្ទុះនេះគឺបណ្តាលមកពីការផ្ទុកសារធាតុគីមីមិនត្រឹមត្រូវនៅក្នុងកុងតឺន័រនៅ Shahid Raji អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់បាននិយាយថា “មុននេះ អគ្គនាយកគ្រប់គ្រងវិបត្តិបានចេញការព្រមានដល់កំពង់ផែក្នុងអំឡុងពេលទស្សនកិច្ច និងបានបង្ហាញពីសក្តានុពលនៃគ្រោះថ្នាក់” ទោះបីជាយ៉ាងណាក៏ដោយ បើទោះបីជាសារធាតុគីមីអាចបង្កឱ្យមានការផ្ទុះក៏ដោយ ប៉ុន្តែមូលហេតុពិតប្រាកដនៅតែមិនអាចកំណត់អត្តសញ្ញាណបាន។
ប្រធានាធិបតី Masoud Peseshkian បានបញ្ជាឱ្យមានការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ហើយបានបញ្ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៅកាន់កន្លែងកើតហេតុ លោករដ្ឋមន្ត្រីបាននិយាយថា មានការខិតខំប្រឹងប្រែងដើម្បីពន្លត់ភ្លើង និងទប់ស្កាត់កុំឱ្យរាលដាលដល់តំបន់ផ្សេងៗ។ បណ្តាញព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ បានបង្ហាញរូបភាពនៃផ្សែងខ្មៅ និងពណ៌ទឹកក្រូចដ៏ធំដែលហក់ឡើងពីលើកំពង់ផែបន្ទាប់ពីការផ្ទុះ ហើយអគារការិយាល័យមួយបើកទ្វារចំហ ហើយមានក្រដាសនិងកម្ទេចកម្ទីនៅគ្រប់ទីកន្លែង។
កំពង់ផែ Shahid Raji ដែលមានទីតាំងនៅជិតច្រកសមុទ្រ Hormuz ដែលជាចំណុចយុទ្ធសាស្ត្រ វាជាចំណតកុងតឺន័រដ៏ធំបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់ តាមរយៈការដឹកជញ្ជូនទំនិញកុងតឺន័រភាគច្រើនរបស់ប្រទេសនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអ៊ីរ៉ង់បានរាយការណ៍ថា ការផ្ទុះនេះបានបំបែកកញ្ចក់បង្អួចចម្ងាយរាប់គីឡូម៉ែត្រ ហើយបានឮនៅកោះកេសម ដែលជាកោះមួយស្ថិតនៅចម្ងាយ ២៦ គីឡូម៉ែត្រខាងត្បូងកំពង់ផែ។
កន្លងមក ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ការកែច្នៃសម្ភារៈដែលងាយឆាបឆេះមិនបានត្រឹមត្រូវ គឺជា “កត្តាមួយ” ដែលបណ្តាលឱ្យមានការផ្ទុះ មន្ត្រីគ្រប់គ្រងវិបត្តិក្នុងតំបន់បានប្រាប់ទូរទស្សន៍រដ្ឋថា ការផ្ទុះបានកើតឡើងបន្ទាប់ពីកុងតឺន័រជាច្រើនដែលផ្ទុកនៅកំពង់ផែបានផ្ទុះ។
ខណៈបុគ្គលិកជួយសង្គ្រោះបានព្យាយាមពន្លត់ភ្លើង មន្ត្រីគយកំពង់ផែបាននិយាយថា៖ ឡានដឹកទំនិញកំពុងត្រូវបានជម្លៀសចេញពីតំបន់នោះ ហើយទីធ្លាកុងតឺន័រដែលការផ្ទុះបានកើតឡើងទំនងជាមាន “ទំនិញនិងសារធាតុគីមីគ្រោះថ្នាក់” ដោយបន្ថែមថាសកម្មភាពនៅកំពង់ផែត្រូវបានផ្អាកបន្ទាប់ពីការផ្ទុះនោះ។
ឧប្បត្តិហេតុធ្ងន់ធ្ងរជាច្រើនបានប៉ះពាល់ដល់ថាមពល និងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មរបស់អ៊ីរ៉ង់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយហេតុការណ៍ជាច្រើនត្រូវបានគេកំណត់ថាបណ្តាលមកពីការធ្វេសប្រហែស នេះរួមបញ្ចូលទាំងភ្លើងឆេះរោងចក្រចម្រាញ់ ការផ្ទុះហ្គាសនៅអណ្តូងរ៉ែធ្យូងថ្ម និងការជួសជុលបន្ទាន់នៅ Bandar Abbas ដែលបណ្តាលឱ្យកម្មករម្នាក់ស្លាប់ក្នុងឆ្នាំ២០២៣។
មន្ត្រីអ៊ីរ៉ង់បាននិយាយថា កន្លែងប្រេងមិនត្រូវបានប៉ះពាល់ដោយការផ្ទុះកាលពីថ្ងៃសៅរ៍ ក្រុមហ៊ុនចម្រាញ់ប្រេង និងចែកចាយជាតិអ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាឧបទ្ទវហេតុនេះ “មិនប៉ះពាល់ដល់រោងចក្រចម្រាញ់ប្រេង នាវាដឹកប្រេង អគារចែកចាយ និងបំពង់បង្ហូរប្រេង” ។
ប្រភព៖ Reuters

