វៀតណាមប្រារព្ធខួបលើកទី 50 នៃការបង្រួបបង្រួមជាតិជាមួយនឹងព្យុហយាត្រាយោធាដ៏ធំនៅទីក្រុងហូជីមិញ
AFP – ប្រទេសវៀតណាមបានប្រារព្ធខួបលើកទី 50 នៃការបង្រួបបង្រួមជាតិនិងចុងបញ្ចប់នៃសង្គ្រាមវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ (30 មេសា) ដោយកងទ័ពចិនបានចូលរួមជាលើកដំបូងបន្ទាប់ពីប្រធានាធិបតី ស៊ី ជិនពីង Xi Jinping បានធ្វើទស្សនកិច្ចដើម្បីបង្ហាញថាទីក្រុងប៉េកាំងគឺជាសម្ព័ន្ធមិត្តដែលគួរឱ្យទុកចិត្តជាងទីក្រុងវ៉ាស៊ីនតោន។
អ្នកកាសែត AFP បានរាយការណ៍ថា មានក្បួនដង្ហែផ្កាឈូកជាមួយរូបភាពហូជីមិញ មេដឹកនាំបដិវត្តន៍នៅជិតផ្នែកខាងមុខនៃក្បួនដង្ហែក្នុងទីក្រុងដែលបានប្តូរឈ្មោះតាមគាត់ យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រដែលមានទង់ជាតិបានហោះពីលើ។
មនុស្សរាប់ពាន់នាក់ ភាគច្រើនពាក់អាវយឺតដែលមានទង់ជាតិវៀតណាម រួមទាំងគ្រួសារដែលមានកុមារតូចៗ និងមនុស្សចាស់ផងដែរ ពួកគេបានចំណាយពេលសំរាកមួយយប់នៅតាមដងផ្លូវ ដោយចែកអាហារ និងរង់ចាំមើលក្បួនដង្ហែយោធា។
ការប្រារព្ធពិធីនេះបានកើតឡើងកន្លះសតវត្សបន្ទាប់ពីរថក្រោះវៀតណាមខាងជើងបានបុកចូលទៅក្នុងទ្វារវិមានប្រធានាធិបតីរបស់ទីក្រុងនោះ ការយកឈ្នះលើវៀតណាមខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាមេរិក ដែលជាព្រឹត្តិការណ៍ដ៏ឈឺចាប់សម្រាប់យោធាអាមេរិក។
លោក Tran Van Truong អតីតយុទ្ធជនអាយុ 75 ឆ្នាំដែលបានធ្វើដំណើរមកពីទីក្រុងហាណូយដើម្បីមើលការហែក្បួនបាននិយាយថា “ខ្ញុំមានមោទនភាពដែលមានចំណែកបានជួយរំដោះភាគខាងត្បូង” លោក Tran Van Truong បាននិយាយថា “ប៉ុន្តែអ្វីៗទាំងអស់បានរសាត់បាត់ទៅហើយ ខ្ញុំលែងមានការស្អប់ខ្ពើមចំពោះប្រជាជនម្ខាងទៀតនៃសមរភូមិទេ យើងគួរតែរួមដៃគ្នាប្រារព្ធពិធីបញ្ចប់សង្គ្រាម”។
មនុស្សប្រមាណ១៣.០០០នាក់ រួមទាំងអតីតយុទ្ធជន ទាហាន និងសាធារណជនទូទៅបានដើរតាមបណ្តោយផ្លូវ Le Suan នៃទីក្រុងហូជីមិញ ដែលជាផ្លូវសំខាន់ឆ្ពោះទៅវិមានឯករាជ្យ ហើយនេះជាលើកទីមួយហើយដែលទាហានចិន ឡាវ និងកម្ពុជាជាង ៣០០ នាក់បានចូលរួមហែក្បួន។
ទាហានចិនជាង 300,000 នាក់បានចូលរួមក្នុងជម្លោះបង្ហូរឈាមនេះ នេះបើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថាទាហានចិនការផ្តល់ជំនួយការពារដែនអាកាសដ៏សំខាន់និងផ្តល់ជំនួយក្នុងផ្នែកភស្តុភារនិងការផ្គត់ផ្គង់ក្នុងសម័យនោះ ប៉ុន្តែឆ្នាំនេះជាលើកទីមួយហើយដែលទាហានចិនបានចូលរួមក្នុងពិធីអបអរទ្រង់ទ្រាយធំនេះ។
ប៉ុន្តែគ្រាន់តែរយៈពេលបួនឆ្នាំបន្ទាប់ពីសង្គ្រាមវៀតណាមបានបញ្ចប់ ចិនបានចូលលុកលុយប្រទេសនេះ ប៉ុន្តែត្រូវបានកងកម្លាំងយោធាក្រុងហាណូយរុញថយក្រោយវិញ។
លោក Zach Abuza សាស្ត្រាចារ្យនៅមហាវិទ្យាល័យ National War College ក្នុងទីក្រុង Washington ដែលផ្តោតលើនយោបាយអាស៊ីអាគ្នេយ៍បាននិយាយថា “ខ្ញុំគិតថាទីក្រុងហាណូយកំពុងផ្តល់សញ្ញាដល់ប្រទេសចិនថាពួកគេទទួលយកការចូលរួមជាប្រវត្តិសាស្ត្ររបស់ប្រទេសចិន” “ហើយជាវិធីមួយផ្សេងទៀតសម្រាប់ពួកគេក្នុងការផ្តល់សញ្ញាថា “កុំគិតថាគោលនយោបាយការបរទេសរបស់យើងកំពុងផ្លាស់ប្តូរទិសដៅឆ្ពោះទៅរកអាមេរិក” ។
បន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនឆ្នាំដែលបានបញ្ចប់នៅថ្ងៃទី 30 ខែមេសា ឆ្នាំ 1975 សហរដ្ឋអាមេរិក និងវៀតណាមបានស្តារទំនាក់ទំនងឡើងវិញ ហើយក្លាយជាដៃគូពាណិជ្ជកម្មដ៏រឹងមាំ។
ប៉ុន្តែទីក្រុងហាណូយនៅតែប្រើវិធីសាស្ត្រការទូតតរបៀបចុងឫស្សីBamboo Diplomacy ប្តេជ្ញារក្សាទំនាក់ទំនងល្អជាមួយទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន។
លោក To Lem លេខាធិការបក្សកុម្មុយនិស្តបានមានប្រសាសន៍ថា “ជោគជ័យរបស់យើងគឺជាលទ្ធផលនៃការគាំទ្រដ៏លើសលប់ពីសហភាពសូវៀត ប្រទេសចិន និងសាមគ្គីភាពពីឡាវ និងកម្ពុជា នៅក្នុងសុន្ទរកថាមុនក្បួនដង្ហែរបស់គាត់ គាត់ក៏បានផ្តល់កិត្តិយសដល់ការរីកចម្រើនជុំវិញពិភពលោក រួមទាំងជនជាតិអាមេរិកផងដែរ។
ការប្រារព្ធពិធីអបអរនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតី Xi Jinping បានធ្វើទស្សនកិច្ចនៅទីក្រុងហាណូយក្នុងខែនេះ ទីក្រុងប៉េកាំងកំពុងព្យាយាមដាក់ខ្លួនជាជម្រើសដ៏មានស្ថិរភាពជំនួសក្រុងវ៉ាស៊ីនតោន ខណៈដែលប្រទេសវៀតណាមប្រឈមនឹងការគំរាមកំហែងពន្ធនាំចូលរបស់សហរដ្ឋអាមេរិកចំនួន ៤៦% និងការកាត់ជំនួយបរទេសរបស់ក្រុងវ៉ាស៊ីនតោន ដែលអាចនឹងប៉ះពាល់ដល់គម្រោងកេរដំណែលសង្គ្រាមផ្សេងៗ។
ប្រែសម្រួលដោយ ៖ សេនាមេឃ
រូបភាពនិងប្រភព AFP