ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការីទៅត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ បានដឹកនាំសហការី ទៅពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងហក់ឡើង បណ្ដាលឱ្យរងផលប៉ះពាល់ដំណាំស្រូវ និងលិចផ្លូវលំក្រាលគ្រួសក្រហម នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

លោក លន់ យ៉េន មេឃុំដងកាំបិត ស្រុកសណ្ដាន់ បានបញ្ជាក់ថា គិតមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានភាពជំនន់ទឹកភ្លៀង បានបណ្ដាលឲ្យមានការលិចលង់ រងផលប៉ះពាល់ដំណាំស្រូវ ប្រមាណពី​ ៨​ទៅ​ ១០ហិកតា នៅក្នុងឃុំទាំង​មូល​ បានលិចផ្លូវលំក្រាលគ្រួសក្រហម ប្រវែងប្រមាណ ១៥០ទៅ​២០០​ម៉ែត្រ ផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់អាជ្ញាធរឃុំ ត្រូវយកចិត្តទុកដាក់ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះ ឲ្យបានជាប់ជាប្រចាំ និងត្រៀមមធ្យោបាយដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់ ។ ជាមួយនោះដែរ ក៏បានណែនាំដល់អាជ្ញាធរឃុំ ត្រូវធ្វើការហាមឃាត់នូវរថយន្តដឹកជញ្ជូនធន់ធ្ងន់ មិនឱ្យធ្វើការឆ្លងកាត់ផ្លូវលំក្រាលគ្រួសក្រហម ដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះឡើយ ចៀសវាងការខូចខាត និងការគ្រោះថ្នាក់ដោយប្រការណាមួយ ដែលអាចកើតមានឡើងក្នុងពេលឆ្លងកាត់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋនៅក្នុងឃុំ ត្រូវប្រុងប្រយ័ត្នកូនចៅតូចៗ ដោយមិនត្រូវធ្វេសប្រហែស ដែលបណ្ដាលឲ្យកូនចៅ រងគ្រោះថ្នាក់ដោយទឹកជំនន់នេះ ជាមួយនោះដែល ត្រូវថែរក្សាសុខភាពឱ្យបានល្អ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ដោយរកផលប៉ះពាល់និងជំនន់ទឹកភ្លៀងនេះផងដែរ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *