លោក Donald Trump ជ្រើសរើស ហេកហ្សេត Pete Hegseth អតីតទាហាន និងជាពិធីករ Fox News ជារដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី ទោះបីគ្មានបទពិសោធន៍នយោបាយក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ថា លោក Donald Trump បានជ្រើសរើសលោក Pete Hegseth អាយុ 44 ឆ្នាំ ជាអតីតយុទ្ធជនសង្គ្រាមអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ អ្នកនិពន្ធ និងជាពិធីកររបស់ Fox News ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងរដ្ឋាភិបាលថ្មីរបស់គាត់ បានមកគ្រប់គ្រងកងទ័ពដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក ទោះបីមិនធ្លាប់មានបទពិសោធន៍នយោបាយពីមុនមកក៏ដោយ។
លោក Trump បានប្រកាសឈ្មោះលោក Hegseth នៅថ្ងៃអង្គារ ទី 12 ខែវិច្ឆិកា ឆ្នាំ 2024 (ម៉ោងក្នុងតំបន់) ដោយពណ៌នាគាត់ថាជា “ម៉ត់ចត់ ឆ្លាត និងជាតំណាងពិតនៃគោលការណ៍ផលប្រយោជន៍អាមេរិកគឺជាស្តង់ដារ”។
រដ្ឋបាលថ្មីរបស់លោក Donald Trump កំពុងចាប់ផ្តើមមានរូបរាងកាន់តែខ្លាំងឡើងបន្ទាប់ពីលោកបានឈ្នះការបោះឆ្នោតកាលពីសប្តាហ៍មុន ក្រៅពីលោក Hegseth ដែលគ្រប់គ្រងក្រសួងការពារជាតិ លោក Trump ក៏បានជ្រើសរើសលោក John Ratcliffe ជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល ឬ CIA ផងដែរ
បើបានបញ្ជាក់មុខតំណែងដោយព្រឹទ្ធសភានោះលោក Hegseth នឹងមានសិទ្ធិអំណាចក្នុងការសម្រេចចិត្តលើបញ្ហាផ្សេងៗដូចជាការបញ្ជូនជំនួយយោធាទៅអ៊ីស្រាអែល ដែលកំពុងប្រយុទ្ធនឹងសង្រ្គាមនៅហ្គាហ្សា និងលីបង់ និងបញ្ហានៃការគាំទ្រសម្រាប់អ៊ុយក្រែន ដែលកំពុងដោះស្រាយការឈ្លានពានពីរុស្ស៊ី
នៅថ្ងៃដដែលនេះលោក Trump ក៏បានបញ្ជាក់ដែរ គាត់ចង់ឱ្យអភិបាលរដ្ឋ South Dakota លោក Kristi Noem ទទួលយកតំណែងជារដ្ឋមន្ត្រីសន្តិសុខមាតុភូមិ ហើយជ្រើសរើសលោក Michael Waltz ជាទីប្រឹក្សាសន្តិសុខជាតិ ផ្តល់យោបល់ដល់លោក Trump លើការគំរាមកំហែងពីបរទេស។
ចំណែកលោក Elon Musk ជាមហាសេដ្ឋីបង្កើតក្រុមហ៊ុន Tesla និង SpaceX បានជួយលោក Trump យុទ្ធនាការបោះឆ្នោត និងចំណាយប្រាក់យ៉ាងច្រើន ត្រូវបានជ្រើសរើសជារដ្ឋមន្ត្រីក្រសួងប្រសិទ្ធភាពក្នុងរដ្ឋាភិបាលដែលទើបបង្កើតថ្មី ជួយគ្រប់គ្រងការចំណាយរបស់រដ្ឋាភិបាល។
ជាមួយគ្នានេះ គេរំពឹងថា លោក Marco Rubio សមាជិកព្រឹទ្ធសភា ដែលមានជំហរតឹងរ៉ឹងលើប្រទេសចិន ដូចលោក Waltz នឹងទទួលបានតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។
ក្នុងន័យនេះ ការតែងតាំងមុខតំណែងរដ្ឋាភិបាលមួយចំនួន ដូចជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Hegseth តម្រូវឱ្យមានការយល់ព្រមពីព្រឹទ្ធសភា ប៉ុន្តែលោក Trump បានអំពាវនាវឱ្យប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យគាត់រំលងដំណើរការនេះ។
ប្រភព ៖ bbc