កូរ៉េខាងត្បូង៖ គណបក្សប្រឆាំងកូរ៉េខាងត្បូង គំរាមដកតំណែងប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Han Deok-soo ប្រសិនបើគាត់មិនប្រកាសច្បាប់ដើម្បីផ្តួចផ្តើមការស៊ើបអង្កេតពិសេសលើការប្រកាសច្បាប់អាជ្ញាសឹក របស់ប្រធានាធិបតី Yoon Seok-yeol។
គណបក្សប្រជាធិបតេយ្យកូរ៉េ(បក្សប្រឆាំង)បានព្រៀងអនុម័តច្បាប់ក្នុងខែនេះ ដើម្បីតែងតាំងព្រះរាជអាជ្ញាពិសេស ដើម្បីកាត់ទោសពីបទក្បត់ជាតិចំពោះលោក Yoon រួមទាំងការស៊ើបអង្កេតប្រពន្ធអំពីការទទួលសំណូកកាបូបម៉ាកប្រណិតនិងការចោទប្រកាន់ផ្សេងទៀត។
គណបក្សប្រជាធិបតេយ្យកូរ៉េបានចោទប្រកាន់លោក Han ជួយលោក Yoon ក្នុងការប៉ុនប៉ងរបស់គាត់ដើម្បីប្រកាសច្បាប់អាជ្ញាសឹក ហើយក៏បានរាយការណ៍រឿងនេះទៅប៉ូលីស ត្រូវដកប្រធានាធិបតីស្តីទីភ្លាមៗប្រសិនបើច្បាប់នេះមិនត្រូវបានអនុម័តត្រឹមថ្ងៃទី 24 ខែធ្នូនេះ។
លោក Park Chan-dae មេដឹកនាំគណបក្សប្រជាធិបតេយ្យ ថ្លែងក្នុងកិច្ចប្រជុំគណបក្សថាការពន្យារពេលបង្ហាញថា នាយករដ្ឋមន្ត្រី(ប្រធានាធិបតីស្តីទី)គ្មានចេតនាគោរពរដ្ឋធម្មនុញ្ញទេ ហើយវាហាក់ដូចជាគាត់ដើរតួជាអ្នកតំណាងក្រុមក្បត់។
កាលពីមុនប្រធានាធិបតីស្តីទីបាននិយាយថាលោកបានព្យាយាមរារាំងការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon ប៉ុន្តែ សុំទោសដែលគាត់មិនអាចធ្វើបានជោគជ័យ។
នាយករដ្ឋមន្ត្រី Han Deok-soo បានចូលកាន់តំណែងជាប្រធានាធិបតីស្តីទីជំនួស Yoon Seok-yeol ដែលត្រូវបានដកចេញពីតំណែងកាលពីថ្ងៃទី 14 ខែធ្នូ ហើយតុលាការធម្មនុញ្ញកំពុងដំណើរការស៊ើបអង្កេត សម្រាប់ការដកគាត់ចេញពីតំណែងប្រធានាធិបតី។
Park ក៏បានចោទប្រកាន់ Yoon បានរារាំងសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញដោយបដិសេធម្តងហើយម្តងទៀតក្នុងការទទួលយកឯកសាររបស់តុលាការ ហើយការយឺតយ៉ាវក្នុងការស៊ើបអង្កេត និងការកាត់ទោសត្រូវបានចាត់ទុកថាជាការអូសបន្លាយពេលវេលាហើយរៀបចំផែនការបះបោរលើកទី2។
ក្រុមស៊ើបអង្កេតដែលរួមមានប៉ូលីស និងការិយាល័យស៊ើបអង្កេតអំពើពុករលួយរបស់មន្ត្រីជាន់ខ្ពស់ បានព្យាយាមហៅលោក Yoon ដើម្បីមកសាកសួរលើកទី2នៅថ្ងៃទី 25 ខែធ្នូ ប៉ុន្តែនៅតែមិនទាន់ច្បាស់នៅឡើយ ថាគាត់នឹងចូលមកអោយសាកសួរទេ?
—————
ដោយ ៖ សេនាមេឃ
រូបភាព៖ រ៉យទ័រ