អ្នកសារព័ត៌មាន ជាពិសេស ក្រុមMMO (Make Money Online) កុំព្រោះតែប្រយោជន៍ខ្លួន ព្រោះតែលុយ បង្កើតនូវមាតិកា ឫព័ត៌មានក្លែងក្លាយដើម្បីបានប្រយោជន៍ពីការផ្សាយនោះ​ ធ្វើឱ្យប្រាស់ចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន

អ្នកសារព័ត៌មាន ជាពិសេស ក្រុមMMO (Make Money Online) កុំព្រោះតែប្រយោជន៍ខ្លួន ព្រោះតែលុយ បង្កើតនូវមាតិកា ឫព័ត៌មានក្លែងក្លាយដើម្បីបានប្រយោជន៍ពីការផ្សាយនោះ​ ធ្វើឱ្យប្រាស់ចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន នេះជាប្រសាសន៍ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកបង្កើតមាតិកា អ្នកសារព័ត៌មាន ជាពិសេស ក្រុមMMO (Make Money Online) កុំព្រោះតែប្រយោជន៍ខ្លួន ព្រោះតែលុយ បង្កើតនូវព័ត៌មានក្លែងក្លាយដើម្បីបានប្រយោជន៍ពីការផ្សាយនោះ​ ធ្វើឱ្យប្រាស់ចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន ការលើកឡើងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្នុងពិធីផ្សព្វផ្សាយ «ការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ»។

ការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ស្របពេលដែលនៅកម្ពុជា មានការកើនឡើងនូវព័ត៌មានក្លែងក្លាយចំនួនជាង៤០០ករណីក្នុងឆ្នាំ២០២៤ ពោល គឺនៅឆ្នាំ២០២៤ មានព័ត៌មានក្លែងក្លាយ៣,៦៥១ព័ត៌មាន បើធៀបនឹងឆ្នាំ២០២៣ មានតែ ៣,២០៨ព័ត៌មានប៉ុណ្ណោះ ដែលចំនួនកើនឡើងនេះ បានបង្កជាក្តីបារម្ភចំពោះការប៉ះពាល់ដល់កិត្តិយសជាតិ និងវិស័យទេសចរណ៍កម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា ស្នើឱ្យអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាសង្គម និងក្រុម MMO ប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈឱ្យបានល្អ គោរពនូវតម្លៃសង្គម កិត្តិយសជាតិ និងសីលធម៌។ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ខ្ញុំក៏លើកទឹកចិត្តទៅដល់បងប្អូន សូមបង្កើតមាតិកាល្អៗអំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ទីតាំងសក្តានុពលទេសចរណ៍ផ្សេងៗដែលមាននៅក្នុងប្រទេសកម្ពុជា ហើយចូលរួមផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍នៅតាមតំបន់ព្រោះអ្វីដែលយើងុកចិត្តទុកដាក់ រដ្ឋាភិបាលយកចិត្តទុកដាក់ នេះមិនត្រឹមទាក់ទាញភ្ញៀវទេសចរណ៍ពីក្រៅទេ ក៏ប៉ុន្តែការជំរុញទេសចរណ៍នៅក្នុងស្រុក ហើយដើម្បីគាំទ្រលើការនាំចេញនៅនឹងកន្លែង»។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តទៀតថា ការចូលរួមផ្សព្វផ្សាយនេះជារឿងសំខាន់ក្នុងការជួយទាក់ទាញទេចរណ៏មកកាន់កម្ពុជា បន្ថែមពីនេះ ក្រសួងព័ត៌មាន ក៏បានត្រៀមខ្លួនជាស្រេចក្នុងការជួយក្រសួងទេសចរណ៍ក្នុងការផ្សព្វផ្សាយនូវផែនការ និងគោលដៅទេសចរណ៍ឱ្យបានពេញលេញ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យទៅទស្សនានៅតំបន់ទេសចរណ៍ដែលមានសក្តានុពលនៅកម្ពុជាបានច្រើន។

ឯកឧត្តម នេត្រ ភក្ត្រា ក៏បានបញ្ជាក់ទៀតថា ក្រសួងព័ត៌មាន នឹងរៀបចំឱ្យមានយុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយក្នុងពេលឆាប់ៗខាងមុខ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយពីព័ត៌មានក្លែងក្លាយកុំឱ្យប្រជាជនលង់ជឿនូវព័ត៌មានដែលមិនពិតទាំងអស់នេះ រួមទាំងការលុបបំបាត់ព័ត៌មានក្លែងក្លាយផងដែរ ឯកឧត្តមក៏បានលើកឡើងថា ក្រសួងព័ត៌មាន បានសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការបង្ក្រាប ទប់ស្កាត់ នូវព័ត៌មានក្លែងក្លាយនៅកម្ពុជាផងដែរ។

ដោយ ៖ សេនាមេឃ

រូបភាព ៖ ខឹម សុវណ្ណារ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *