អ្នកដែលបានមើលរឿង Pirates of the Caribbean: At World’s End ឆ្នាំ ២០០៧ ប្រហែលជាបានឃើញចោរសមុទ្រស្ត្រីនេះ ប៉ុន្តែអ្នកប្រហែលជាមិនដឹងនោះទេ ស្ត្រីម្នាក់នេះតំណាងអោយចោរសមុទ្រនារីដ៏ល្បីម្នាក់ដែលធ្លាប់មានពិតប្រាកដ។
ចឹង អ៊ីសាវ Zheng Yishao 鄭一嫂 ស្តេចចោរសមុទ្រស្ត្រីចិន នាងមានភាពល្បីល្បាញយ៉ាងខ្លាំងនៅដើមសតវត្សទី 19 ដោយសារតែនាងគឺជាមេបញ្ជាការនៃកងនាវាចោរសមុទ្រដ៏ធំបំផុតនៅក្នុងពិភពលោក។
ចឹង អ៊ីសាវ Zheng Yishao 鄭一嫂 កើតក្នុងគ្រួសារថ្នាក់ទាប ហើយធ្វើការជាស្រីបំរើនៅក្វាងចូវមុនពេលនាងរៀបការជាមួយ ចឹងអ៊ី 鄭一 Zheng Yi ចោរសមុទ្រដ៏ល្បីល្បាញដែលជាអ្នកដឹកនាំ “កងនាវាចរទង់ក្រហម”
បន្ទាប់ពី ចឹងអ៊ី 鄭一 Zheng Yi បានបាត់បង់ជីវិតនៅឆ្នាំ 1807 នាងបានឡើងកាន់តំណែងជាមេបញ្ជាការជំនួសប្តីរបស់នាង (ហើយបានគេដាក់ឈ្មោះថា鄭一嫂 Zheng Yi Shao ដែលមានន័យថាភរិយាមេម៉ាយរបស់ចឹងអ៊ី Zheng Yi) ក្រោមការដឹកនាំរបស់នាង ដូច្នេះហើយ កងនាវាចម្បាំងទង់ក្រហមបានក្លាយជាកងនាវាចោរសមុទ្រដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រ។
ចឹង អ៊ីសាវ មានកងនាវាចំនួន 1,800 គ្រឿង និងកងទ័ពពី 50,000 ទៅ 70,000 នាក់ ដែលគ្រប់គ្រងការដឹកជញ្ជូន និងពាណិជ្ជកម្មតាមសមុទ្រនៅសមុទ្រចិនខាងត្បូង រួមទាំងការប្លន់កប៉ាល់ឈ្មួញនិងទីប្រជុំជនឆ្នេរសមុទ្រ។
ខណៈដែលរដ្ឋាភិបាលចិនបានព្យាយាមបង្ក្រាបចោរសមុទ្ររបស់ Zheng Yishao ជាច្រើនដងមកហើយ ប៉ុន្តែត្រូវបរាជ័យ សូម្បីតែកងនាវាព័រទុយហ្គាល់ និងអង់គ្លេស ក៏មិនអាចយកឈ្នះនាងដែរ។
ប៉ុន្តែការប្រឈមមុខដាក់គ្នាជាមួយកងទ័ពជើងទឹកចិន និងលោកខាងលិចត្រូវបានចាត់ទុកថាមានភាពតានតឹងពេក នាងដឹងថាការបន្តប្រយុទ្ធអាចនាំឱ្យមានការចាញ់ ដូច្នេះនាងបានប្រើជំនាញចរចាទប់ទល់ជាមួយរដ្ឋាភិបាលចិន។
លក្ខណ្ឌរបស់ Zheng Yishao គឺបនាងនឹងទំលាក់អាវុធចុះលុះត្រាតែនាង និងកងទ័ពរបស់នាងត្រូវបានប្រកាសលើកលែងទោស រួមទាំងការអនុញ្ញាតឱ្យយកទ្រព្យសម្បត្តិមួយចំនួនរក្សាទុក ស្របពេលដែលរដ្ឋាភិបាលចិនក៏សម្រេចចិត្តទទួលយកលក្ខខណ្ឌដើម្បីកាត់បន្ថយឥទ្ធិពលដែនសមុទ្ររបស់នាង។
Zheng Yishao គឺជាចោរសមុទ្រម្នាក់ក្នុងចំណោមចោរសមុទ្រពីរបីនាក់ដែលបានចូលនិវត្តន៍ដោយសុវត្ថិភាព ហើយបានរស់នៅក្នុងជិវិតចុងក្រោយរបស់នាងដោយស្ងប់សុខដោយនិងគ្មានការតាមប្រមាញ់ដោយរដ្ឋាភិបាល។
ដោយ ៖ សេនាមេឃ
ប្រភព ៖ Facebook ,andasian.com